August 13, 2017

សិស្ស​ខ្លះ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​រឿង​បាត់​ឈ្មោះ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ

សិស្ស​​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​​មណ្ឌល​វិទ្យាល័យ​ស៊ីសុវត្ថិ នា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ប្រឡង ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA

ដោយ ឡេង ម៉ាលី RFA 2017-08-12

សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​២០១៧ ឬ​ហៅ​ថា ការ​ប្រឡង​បាក់ឌុប ក្រសួង​អប់រំ​យុវជន និង​កីឡា កំណត់​យក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​សីហា សប្ដាហ៍​ក្រោយ​នេះ​ហើយ។ ក្នុង​ពេល​ដែល​ការ​ប្រឡង​នៅ​សល់​រយៈ​ពេល​តែ ៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មាន​សិស្ស​ខ្លះ​នៅ​ខេត្ត​កណ្ដាល តវ៉ា​គ្រូ​រឿង​អត់​ឈ្មោះ​ប្រឡង។

សិស្ស និង​ឪពុក​ម្ដាយ​របស់​សិស្ស​ថ្នាក់​ទី​១២ ចំនួន ៣​រូប នៅ​វិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល តវ៉ា​នឹង​នាយក​វិទ្យាល័យ​នេះ​ថា អយុត្តិធម៌ ដែល​ឈ្មោះ​សិស្ស​ទាំង ៣​រូប ត្រូវ​បាន​គ្រូ​លុប​ចេញ​មិន​ឲ្យ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ។ ការ​លុប​ឈ្មោះ​នេះ ក្រោម​ហេតុផល​ពី​គ្រូ​ថា សិស្ស​ទាំង​នេះ​អវត្តមាន​លើស ៣០​ដង។

សិស្ស​ថ្នាក់​ទី ១២​D មួយ​រូប នៅ​វិទ្យាល័យ ហ៊ុន សែន ត្រើយស្លា គឺ​យុវជន ឡា មករា និយាយ​ថា ការ​ដែល​ឈ្មោះ​របស់​ខ្លួន​ត្រូវ​គ្រូ​លុប​ចេញ​មិន​ឲ្យ​ប្រឡង​នេះ ជា​រឿង​អស់​សង្ឃឹម៖ «អយុត្តិធម៌​ណាស់ ព្រោះ​អី​គេ​បាន​ប្រឡង ខ្ញុំ​អត់​បាន​ប្រឡង...»។

ម្ដាយ​សិស្ស​ឈ្មោះ ថុល កាលីន គឺ​លោកស្រី ថាន សារុំ មាន​ប្រសាសន៍​ថា សិស្ស​ជាង ២០​នាក់​ផ្សេង​ទៀត មិន​តវ៉ា​រឿង​នេះ​ទេ ព្រោះ​គេ​អវត្តមាន​ពី​ថ្នាក់​រៀន​ច្រើន​ជាង ៣០​ដង​មែន។ ប៉ុន្តែ​កូន​របស់​លោកស្រី​អវត្តមាន​ជាង ១០​ដង​ប៉ុណ្ណោះ៖ «»។

បញ្ជាក់​បន្ថែម​អំពី​កំណត់ត្រា​អវត្តមាន​នេះ ប្រធាន​ថ្នាក់​ទី​១២D គឺ​យុវជន ជា សុខ លី និយាយ​ថា សិស្ស​ទាំង ៣​រូប​នេះ មិន​មាន​អវត្តមាន​ច្រើន​បែប​នេះ​ទេ៖ «»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​ថា មិន​យុត្តិធម៌​នេះ ត្រូវ​បាន​នាយក​វិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក សុខ ពៅ មាន​ប្រសាសន៍​បញ្ជាក់​វិញ​ថា បញ្ហា​សិស្ស​ថ្នាក់​ទី​១២ ទាំង ៣​រូប​នេះ គឺ​ក្នុង​ចំណោម ២៥​រូប ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ប្រឡង ព្រោះ​តែ​អវត្តមាន​លើស​គោលការណ៍​កំណត់។ លោក​ថា បញ្ហា​នេះ​ធ្លាប់​បាន​ប្រជុំ​បង្ហាញ​កំណត់ហេតុ​រួច​ហើយ៖ «»។

ទាំង​ឪពុក​របស់​សិស្ស ឡា មករា គឺ​លោក ធុល ឡា ឲ្យ​ដឹង​ថា ការ​តវ៉ា​របស់​សិស្ស​ទាំង​នេះ គឺ​ចាប់​តាំង​ពី​ពេល​ប្រឡង​ឆមាស​ពាក់​កណ្ដាល​ឆ្នាំ​មក។

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​គ្រូ​ប្រចាំ​ថ្នាក់​ទី​១២D ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា។

នៅ​ឆ្នាំ​២០១៧ នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា កំណត់​យក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​សីហា សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅ​ថា ការ​ប្រឡង​បាក់ឌុប។ ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​នៅ​រសៀល​​ថ្ងៃ​ទី​១២ ខែ​កញ្ញា សម្រាប់​សិស្ស​ប្រឡង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ រី​ឯ​លទ្ធផល​នៅ​ខេត្ត​ផ្សេង​ទៀត ក្រសួង​នឹង​ប្រកាស​នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា៕

No comments: