May 20, 2017

លោក ទេព នីថា៖ ​គ.ជ.ប ​ហាមឃាត់​ការ​ហែក្បួន​ឃោសនា​ទ្រង់ទាយ​ធំ​ដើម្បី​ជៀសវាង​ហិង្សា

រូបភាព​ឯកសារ​៖ លោក​ ទេព នីថា អគ្គលេខាធិការ​នៃ​គ.ជ.ប នៅ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​​ពី​ការ​ចុះ​ ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ សីហា ​ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

កាន់ វិច្ឆិកា VOA Khmer 19 ឧសភា 2017

ការ​ឃោស​នា​បោះឆ្នោត​សម្រាប់​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដោយ​មាន​គណបក្ស​ចំនួន​១២​បាន​ចុះ​ឈ្មោះ

ភ្នំពេញ — ក្រុម​គណបក្ស​មិន​កាន់​អំណាច លើក​ឡើង​ថា ​សេចក្តី​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​ស្តីពី​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ និង​ស្នើ​ឲ្យ​មាន​ការ​កែប្រែ។ ក៏​ប៉ុន្តែ​ ការ​លើកឡើង​នេះ​ត្រូវ​បាន គ.ជ.ប ទាត់​ចោល។

ការ​ឃោស​នា​បោះឆ្នោត​សម្រាប់​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដោយ​មាន​គណបក្ស​ចំនួន​១២​បាន​ចុះ​ឈ្មោះ។គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ​ នឹង​ចាប់​ផ្តើម​ការ​ហែក្បួន​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ​នៅ​លើ​ផ្លូវ​៦០ម៉ែត្រ ក្បែរ​ស្នាក់​ការ​កណ្តាល​របស់​ពួកគេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថ្មី ដែល​មាន​ប្រធាន​ជា​សមាសភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្រួម​ការ​ឃោសនា​ ដោយ​កំណត់​ឲ្យ​គណបក្ស​នីមួយៗ​ឃោសនា​ត្រឹម​រយៈពេល​១៤ថ្ងៃ និង​អាច​ហែ​ក្បួន​បាន​តែ២​ថ្ងៃគត់​ដោយ​ត្រូវហែ​តែ​នៅ​ក្នុង​ឃុំ ឬ​សង្កាត់​របស់​ខ្លួន​នីមួយៗ មិន​អាច​ហែ​ឆ្លង​កាត់​ឃុំ-សង្កាត់​ផ្សេង​នោះ​ទេ។
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន ​សុជាតា​/VOA)

គ.ជ.ប ថ្មី ក៏​បាន​កំណត់​មិនឲ្យ​មាន​ការ​ហែ​ក្បួន និង​ឃោសនា​នៅ​តាម​ផ្លូវ និង​ទីប្រជុំជន​សំខាន់ៗ​ជិត​២០​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​បាន​កំណត់​ចំនួន​មនុស្ស​ក្នុង​ការឃោសនា ឬ​ការ​ចូល​ចែក​ខិតបណ្ណ​ក្នុង​ផ្សារ មិន​ឲ្យ​លើស​ពី​១០​នាក់។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​គ.ជ.ប ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ស្តីពី​ការហែ​ក្បួន​ឃោស​នា​បោះឆ្នោត ដែល​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្តាល​របស់​គ.ជ.ប នា​ព្រឹក​ថ្ងៃ​សុក្រ។​

លោក​ស្រី​ ម៉េង​ សុភារី​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នោះ​ថា​ ការ​រឹតត្បិត​ការ​ហែក្បួន​ឃោសនា​បោះ​ឆ្នោត អាច​ដោយសារ​តែ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើន​ឡើង។ ​លោកស្រី​បន្ថែម​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​បង្ខំ​ចិត្ត​អនុវត្ត​តាម​សេចក្តី​ណែនាំ​ដែល គ.ជ.ប បាន​កំណត់​ បើ​ទោះ​ជា​ការ​កំណត់​នេះ​រារាំង​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ។

លោកស្រី ម៉េង សុភារី បញ្ជាក់៖​

«បើសិនជា គ.ជ.ប អាច​ធ្វើការ​ពិចារណា​លើ​សេចក្តី​ណែនាំ​ហ្នឹង​ឡើងវិញ វាជា​ការ​ប្រសើរ។ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ដល់​ដំណាក់កាល​នេះ​ហើយ សេចក្តី​ណែនាំ​ហ្នឹង​ទៅ​មុខ​ហើយ មាន​តែ​យើង​ដែល​ជា​អ្នក​អនុវត្ត​ទេ​ដែល​ត្រូវ​អនុវត្ត​តាម​សេចក្តី​ណែនាំ​ហ្នឹង​ ហើយ​ខិតខំ​បញ្ចៀស​នូវ​បញ្ហា​ដែល​កើត​មាន​ឡើង ហើយ​បញ្ចៀស​នូវ​អ្វី​ដែល​ជា​សេចក្តី​ណែនាំ​របស់​ គ.ជ.ប ហ្នឹងទេ»។

ចំណែក​លោក ថន ចន្ថា អគ្គលេខាធិការ​រង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បាន​រិះគន់​ការ​បន្ថយ​រយៈពេល​ឃោសនា និង​ការ​កំណត់​ចំនួន​មនុស្ស​ចូលរួម​ហែក្បួន​ឃោសនា​ការ​បោះឆ្នោត។​

លោក​បញ្ជាក់​ថា៖​

«យើងក៏​មាន​គំនិត​ដែរ បើថា​ គ.ជ.ប ចែង​បិទ​របៀប​ហ្នឹង​ឆ្លើយ​ឲ្យ​ខ្ញុំ​មក។ ខ្ញុំ​មាន​ឡាន​តែ​មួយ​គ្រឿង​ទេ ​ប៉ុន្តែ​អ្នក​ជិះ​៤នាក់​ជា​សកម្មជន​របស់​ខ្ញុំ​ ខ្ញុំ​ឲ្យ​ម៉ូតូ២នាក់​ជា​អង្គរក្ស​របស់​ខ្ញុំ ជា​ឧទាហរណ៍​ ​ខ្ញុំ​ឈប់​នៅ​កន្លែងមួយ​ ​ហើយ​ដើរ​ចែក​ខិត្តបណ្ណ ​តើ​ចាត់​ទុក​ជា​ក្បួន​ទេ? ហើយ​ក្នុង​ហ្នឹង​ម៉េច​មិន​បញ្ជាក់​ថា ក្នុង​រយៈពេល​១២ថ្ងៃ ចន្លោះ​រយៈពេល​១២ថ្ងៃ ថា​ តើ​គណបក្ស​នីមួយៗ​មាន​សិទ្ធិ​ធ្វើអ្វី​ខ្លះ​ផង​ទៅ»។​

ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ស្តីពី​ការហែ​ក្បួន​ឃោស​នា​បោះឆ្នោត​ជាមួយ​ភាគី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​មាន​តំណាង​គណបក្ស​ជាច្រើន​បាន​ចូលរួម ដូចជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តំណាង​គណបក្ស​សង្គ្រោះជាតិ តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​តំណាង​គណបក្ស​សំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ​ ​ជាដើម។

ភាគ​ច្រើន​នៃ​គណបក្ស​មិន​កាន់​អំណាច​ សម្តែងការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ណែនាំ​ថ្មី​របស់​ គ.ជ.ប និង​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ ​ដើម្បី​ធានា​នូវ​សេរីភាព​ក្នុងការ​ហែក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ។​ ដោយ​ឡែក​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំាទ្រ​សេចក្តី​សម្រេច​ដាច់​ណាត់​របស់​ គ.ជ.ប ​នេះ។

ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ត្រូវបានត្រៀមទុកនៅឯទីស្នាក់ការកណ្ដាលគណបក្សសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅខែឧសភា ឆ្នាំ២០១៧នេះ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក សៅ វ៉ាន់ដេត មន្រ្តី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​ថា​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ និង​ចូលរួម​អនុវត្ត​ចំពោះ​សេចក្តី​ណែនាំ​ថ្មី​របស់​ គ.ជ.ប។​

លោក ​សៅ វ៉ាន់ដេត បញ្ជាក់​ថា៖​

«គណបក្ស​ប្រជាជន​កម្ពុជា​គឺ​អាច​ទទួល​យក​បាន ​ព្រោះ​យើង​មើល​ទៅ​ដូច​ឯកឧត្តម​ប្រធាន​បញ្ជាក់​អញ្ចឹង ​ហែក្បួន​១០នាក់​ហ្នឹង​តែ​វា​មាន​ធាតុផ្សំ។ ​ទំហំ និង​ធាតុ​ផ្សំ។ អញ្ចឹង​ខាង​គណបក្ស​គេ​ប្រហែល​ជា​មិន​យល់ ​គេ​មិន​បាន​មើល​អាលើ ​គេ​ចាប់​យក​តែ​ចំនួន​ ហើយ​គេ​មាន​ប្រតិកម្ម។ តាម​ពិត​ធាតុ​ពិត​ គេ​មាន​ពីរ​ចំណុច ​អញ្ចឹង​យើង​មើល​ទៅ​វា​អត់​មាន​អី​ទេ។ អញ្ចឹង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​អត់​មាន​បញ្ហា​អីទេ គឺ​មាន​តែ​អនុវត្ត​ និង​ធ្វើ​តាម​សេចក្តី​ណែនាំ​របស់ គ.ជ.ប តែ​ប៉ុណ្ណឹង»។​

ក្រុម​មន្រ្តី គ.ជ.ប ដែល​ជា​អ្នក​រៀបចំ​ និង​ផ្សព្វផ្សាយ​នូវ​សេចក្តី​ណែនាំ​ថ្មីនោះ ​ភាគច្រើន​ជាមន្រ្តី​មាន​សមាសភាព​មកពី​គណបក្ស​កាន់​អំណាច ​បាន​ច្រាន​ចោល​ការ​លើកឡើង​របស់​ក្រុម​គណបក្ស​ប្រឆាំង​ដែល​ថា​ សេចក្តី​ណែនាំ​ថ្មី​នោះ​ថា​មាន​ការ​រឹតត្បិត។​

លោក​ ទេព នីថា អគ្គលេខាធិការ​ គ.ជ.ប ប្រាប់​ថា ការ​ចេញ​សេចក្តី​ណែនាំ​សម្រាប់​ការ​ដង្ហែក្បួន​ឃោសនា​បោះឆ្នោត​ថ្មី​នេះ គឺ​ដើម្បី​រក្សា​ស្ថេរភាព​សង្គម ​ជៀសវាង​ការ​ប្រើ​ហិង្សា​ណាមួយ​ពីអ្នក​ចូល​រួម​ហែ​ក្បួន​ទាំង​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«រឿង​ហែក្បួន គណបក្ស​មួយ​ទៅ គណបក្ស​មួយ​មក ពី​មុន​អត់​មាន​ផ្លូវ ​អត់​មាន​កន្លែង​ពុះ​កណ្តាល​ផ្លូវ​ទេ គឺ​ជាប់គ្នា​ទាំងអស់។ អញ្ចឹង​ទេ​មក​ជិត​គ្នា​អាជ្ញាធរ​បោះឆ្នោត និង​អាជ្ញាធរ​សណ្តាប់ធ្នាប់​សម្រួល​ឲ្យ​បិទ​សំឡេង​អី អត់​បិទ។ បិទ​ពី​ចម្ងាយ​បន្តិច​មក ដល់​ជិត​គ្នា​គប់​ដប​ទឹក​ដាក់​គ្នា។ ​មាន​ដប​ទឹក​ មាន​ដុំថ្ម​អី គឺ​ពិបាក​ណាស់​ ​ហើយ​ករណី​នេះ​វា​ឃើញ​រូបភាព​អត់ល្អ វា​បង្ក​គ្រោះ​ថ្នាក់ផង»។​

ការ​សម្រេច​របស់​ គ.ជ.ប គឺ​ធ្វើ​ឡើងពីរ​សប្តាហ៍​ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូន​ដំណឹង​ពី​ការ​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន និង​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិ​ទី៤ ​ខាង​មុខ​នេះ នៅ​តាម​ផ្លូវ​សំខាន់ៗ​ចំនួន៩ និង​ទី​កន្លែង​សាធារណៈ​ធំៗ​ចំនួន​៧​ផ្សេងទៀត​ ក្នុង​រាជធានី​ភ្នំពេញ។ការ​ហាមឃាត់​នេះ​កើត​ឡើង​ បន្ទាប់ពី​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ រហូត​ដល់​ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន​នៅ​មណ្ឌល​ភ្នំពេញ​ក្នុង​ការ​បោះឆ្នោត ថ្នាក់​ជាតិ​អណត្តិ​មុន។

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៨​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា ស្ដីពី «ការ​បើក​ទូលាយ​ទីធ្លា​សាធារណៈ​ និង​លើក​ស្ទួយ​សិទ្ធិ​ប្រមូលផ្ដុំ​ ​និង​ហែក្បួន​ក្នុង​ការ​ដំណើរ​ការ​ឃោសនា​របស់​គណបក្ស​ប្រកួត​ប្រជែង‍»។

ពួកគេ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា ការ​ហាម​ឃាត់​ការ​ដង្ហែ​ក្បួន និង​ឃោសនា​បោះ​ឆ្នោត​នៅ​តាម​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ថា​ជា​រឿង​មិន​ត្រឹមត្រូវ ​និង​មិនសម​ហេតុផល។ ក្រុម​អង្គការ​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ថា បម្រាម​នោះ​ក៏​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ធានា​របស់​រដ្ឋាភិបាល​ ដើម្បី​ធ្វើឲ្យ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាពសេរី​ និង​ត្រឹមត្រូវ​ដែរ៕

1 comment:

henry said...


លោក ទេព នីថា៖ ​គ.ជ.ប ​ហាមឃាត់​ការ​ហែក្បួន​ឃោសនា​ទ្រង់ទាយ​ធំ​ដើម្បី​ជៀសវាង​ហិង្សា

​---------------

តើលោក​ ទេព នីថា ចង់មានន័យថាកម្ពុជា ជាប្រទេសអនាធិបតេយ្យ គ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវមែនទេ?
អរគុណដែលបានទទួលស្គាល់។
ហើយយើងគួរស្តី​បន្ទោសអោយអ្នកណា?
បើបើកមាត់ឡើងឮតែសង្រ្គាម និង ចង់វៃប្រជាពលរដ្ឋអោយបាក់ធ្មេញ ។ល។ និង ។ល។