May 20, 2017

សហ​ចៅក្រម​ស៊ើប​អង្កេត​​ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​ដើម្បី​ចេញ​ដីកា​សន្និដ្ឋាន​ក្នុង​សំណុំ​រឿង​​​០០៤​វគ្គ​២

ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម។ Photo courtesy of ECCC

ដោយ​​ យាង​ សុជាមេត្តា RFA 2017-05-19

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​ដើម្បី​ចេញ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ក្នុង​សំណុំ​រឿង ០០៤ វគ្គ ០២ (០០៤/២)។

សេចក្ដី​ប្រកាស​ព័ត៌មាន​សាលាក្ដី​ខ្មែរ​ក្រហម​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា បញ្ជាក់​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ចេញ​ដីកា​បញ្ជូន​សំណុំ​រឿង​អនុលោម​តាម​វិធាន ៦៦ (៤) នៃ​វិធាន​ផ្ទៃក្នុង ដោយ​បាន​ស្នើ​សុំ​ឲ្យ​សហ​ព្រះរាជអាជ្ញា​ដាក់​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​របស់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង ០០៤ វគ្គ ០២ ។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​បន្ថែម​ថា អនុលោម​តាម​វិធាន ៦៦ (៥) នៃ​វិធាន​ផ្ទៃក្នុង សហ​ព្រះរាជអាជ្ញា​មាន​រយៈពេល ៣​ខែ ដើម្បី​ដាក់​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន។

ក្នុង​រយៈពេល​នេះ មេធាវី​ការពារ​ក្តី​នឹង​មាន​រយៈពេល​សមស្រប​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​របស់​សហ​ព្រះរាជអាជ្ញា។ សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​ចេញ​ដីកា​ដំណោះ​ស្រាយ​ក្នុង​ពេល​មួយ​សមស្រប ក្រោយ​ពេល​ទទួល​បាន​សេចក្ដី​សន្និដ្ឋាន​ពី​ភាគី​ទាំង​សង្ខាង។

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បំបែក​សំណុំ​រឿង ០០៤ ទៅ​ជា ០០៤ វគ្គ ១ ដែល​សាកសួរ​លើ​ឈ្មោះ អ៊ឹម ចែម និង ០០៤ វគ្គ ២ សាកសួរ​លើ​ឈ្មោះ អោ អាន។

ការ​សាកសួរ​លោក អោ អាន គឺ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​ចោទ​ថា បាន​ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៕

No comments: